ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងតិ៍ «ថៃ ប៊ុនរ៉ុង» មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត សម្ដេច ហ៊ុន សែន បានព្រមានព្រះសង្ឃមួយអង្គ ដែលគង់ក្នុងវត្តមួយ នៅរាជធានីភ្នំពេញ ឱ្យសឹកលាចាកសិក្ខាបទ ដោយសារធ្វើខុសវិស័យសង្ឃ ដោយសារប្រព្រឹត្តខុសវិន័យ លួចលាក់មានស្នេហាជាមួយស្ត្រីម្នាក់ រហូតមានកូនក្នុងផ្ទៃ។


សម្ដេច ហ៊ុន សែន មានប្រសាសន៍ ថា ព្រះសង្ឃ១អង្គ គង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញ បានលួចលាក់មានស្នេហាជាមួយស្ត្រីម្នាក់រហូតដល់មានកូនក្នុងផ្ទៃ។ ដោយសារមើលឃើញទង្វើបែបនេះ ទើបសម្ដេចស្នើឱ្យព្រះសង្ឃអង្គនោះ សឹកពីវិស័យសាសនា ដើម្បីទទួលខុសត្រូវចំពោះស្ត្រីនោះ ។ បើមិនដូច្នេះទេ គណៈសង្ឃ នៃរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់។

សម្តេច មានប្រសាសន៍ បញ្ជាក់ថា «សមត្ថកិច្ចនគរបាល គេដឹងថា ព្រះអង្គគង់នៅវត្តណាហើយ។ ដូច្នេះ ព្រះអង្គសឹកឱ្យហើយទៅ ហើយទៅយកនាងហ្នឹងទៅ ព្រោះនាងហ្នឹងផើម (ពោះធំ) ហើយ»៕