រាជធានីភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចទទួល យកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕