ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ។


សម្តេចហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយមិនមានទោសពៃអ្វីនោះទេ ហើយសម្តេចបានបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកទាំងនោះឡើយ។

ជាមួយគ្នានោះ សម្តេច បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។ សម្តេចចាត់ទុកជនទាំងនេះចាញ់បោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ រាជរដ្ឋាភិបាលយល់ណាស់លើបញ្ហានេះ តែមិនអនុគ្រោះឱ្យនៅមុនថ្ងៃ៩ វិច្ឆិកា នោះឡើយ។ ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ។


សម្តេចហ៊ុន សែន បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុកថា បើចូលមកវិញ ត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការទៅនាយករដ្ឋមន្ត្រីតាមរយៈទំព័រ Facebook។
សម្តេចហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា សម្តេចនឹងកាន់អំណាចរហូតដល់ឆ្នាំ២០២៨ ៕