រាជធានីភ្នំពេញ ៖ នារីជាជនជាតិចិនម្នាក់ ត្រូវបានប្រទះឃើញធ្លាក់ពីលើអគារខុនដូរខ្ពស់មួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។


នារីជាជនជាតិចិនរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ មានវ័យប្រហែលជាង២០ឆ្នាំ ដោយគេពុំទាន់ដឹងថានាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេ ហើយក៏ពុំដឹងថា ផ្តើមចេញពីមូលហេតុអ្វីទើបបណ្តាលឲ្យមានរឿងបែបនេះដែរ ។


ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ និងបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ភ្លាមៗ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនាំ ។


តែយ៉ាងណា ជនជាតិចិន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គេនៅពុំទាន់ដឹងថា ពួកគេមានជាប់ពាក់ព័ន្ធជាមួយការស្លាប់របស់នារីជនជាតិចិនខាងលើ ឬយ៉ាងណានៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចធ្វើការសាកសួរសិន ៕