ខេត្តកំពង់ស្ពឺ ៖ តាយាយ២នាក់ ខណៈបើកម៉ូតូឌុបគ្នាធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្ត១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ គួរឲ្យរន្ធត់ពេក។ ករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧- ៣៨ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះ ព្រំ ម៉ុន ភេទប្រុស អាយុ៧៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡុង យាប់ ភេទស្រី អាយុ៧២ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-1101 ។ ចំណែក រថយន្តបង្កម៉ាកហ៊ីឡាក់វីហ្គូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-5768។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរពីកើតទៅលិច ក្នុងល្បឿនដូចហោះ។ លុះដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានទៅបុកជនរងគ្រោះ ដែលកំពុងជិះម៉ូតូឌុបគ្នាក្នុងទិសដៅ បញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង ។ រីឯអ្នកបើកបររថយន្តបង្កយល់សភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ ។ ចំណែក សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគជាពន់ពេក៕