រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានអញ្ជើញទៅសួរសុខទុក្ខ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។


ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យមានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន កាលពីថ្ងៃទី១០ ខែវិច្ឆិកា រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៦រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា និងអគ្គរាជទូតជប៉ុនផងដែរ។


សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យលែងមានការឃុំក្នុងផ្ទះ ក៍មានលក្ខខណ្ឌ៣ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕