រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពលួចរថយន្ដ Prius មួយគ្រឿង នៅភូមិស្វាយប៉ាក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C4563131។ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ដែកកាច់សោររថយន្ត០១, ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS ចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ភ្ជាប់ជាមួយស្មាតឃី ចំនួន០១គ្រឿង, ដែកកាច់សោសូឡិច ចំនួន០១ និងរថយន្តរបស់ជនរងគ្រោះ ម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8393។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យ បានឲ្យដឹងថា រូបគេពិតជាបានលួចរថយន្ដ Prius ពណ៌ស ស្លាកលេខភ្នំពេញ 2Y-8393 ពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ទៀតថា សម្រាប់រថយន្ដប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ចុះក្រោម មិនពិបាកលួចនោះទេ ដោយប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ ទាំងឧបករណ៍ផ្ដាច់ GPS និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារទាំងនេះគេយកមកពីប្រទេសវៀតណាម។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបាននេះ ជាមុខសញ្ញាគ្រោះថ្នាក់បំផុត ដោយរូបគេមានមុខរបរជាជាងសោ ហើយមានទាំងឧបករណ៍គ្រប់គ្រាន់ ដើម្បីប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ពិសេសការលួចរថយន្ដស្មាតឃី។ ជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។


សូមទស្សនាវីដេអូរបស់ freshnews ដែលជនសង្ស័យឆ្លើយសារភាពដូចខាងក្រោម ៖