រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថារយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានប្រជាពលរដ្ឋ សរុបចំនួន ១៨០៨៩នាក់ (ស្រី ចំនួន៥២២០នាក់) បានទទួលសេវាពិនិត្យព្យាបាលនៅតាមទីតាំងចំនួន១២កន្លែង និងក្រុមរថយន្តគិលានសង្រ្គោះចំនួន៦៨ គ្រឿង ដែលបានដាក់ឲ្យបម្រើការនៅតាមគោលដៅកំណត់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពលរដ្ឋជាង១ម៉ឺននាក់នេះ មានបញ្ហាដូចជា៖ ផ្តាសាយ ហៀរសំបោរ គ្រុនក្តៅ រាគរូស និងរាគមួល ខ្យល់ចាប់ ឈឺក្បាល ចុក អស់កម្លាំង និងមានអាការៈរោគផ្សេងៗទៀតជាដើម។

គូបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃបុណ្យអុំទូកនេះ ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យសរុបទាំងអស់ ១០៧៦នាក់ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមទីតាំងដែលបានកំណត់ផង និងចល័តក្នុងហ្វូងប្រជាជនផង ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពតិចតួច ដែលបានមក ដើរលេងកំសាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យ និងទស្សនាការប្រណាំងទូក។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យការពារសុខភាពទាំងអស់ បានជួយសង្រ្គោះបន្ទាន់ភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព រហូតដល់ពួកគាត់បានធូរស្បើយដោយមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ហើយពួកគាត់ក៏បានបន្តការដើរលេងកំសាន្តបន្តទៀត រហូតដល់ចប់ព្រះរាជពិធីប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត៕