ខេត្តកណ្ដាល៖ បុរស២នាក់ជាពូ និងក្មួយ ប្រើពាក្យសម្តីដៀមដាមដាក់គ្នាទៅវិញទៅមក បន្ទាប់មកបុរសជាពូ បានរើសដុំថ្មគប់ទៅលើបុរសជាក្មួយ ចំនួន៣ដុំថ្ម តែមិនត្រូវ ក៍ទាញចានថ្ម០១ គប់ចំសៀតផ្កាខាងឆ្វេង បុរសជាក្មួយខឹងពេក ក៍ទាញកាំបិតប៉័ងតោ មកកាប់បុរសជាពូ មួយកាំបិតចំថ្ពល់ខាងឆ្វេង បណ្តាលឲ្យរយះ ដេរចំនួន១៤ថ្នេរ ។
ករណីបង្កហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១៤:០៥នាទី រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ជនសង្ស័យជាក្មួយ ឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។

ជនរងគ្រោះជាពូ ឈ្មោះ ជឿន ប៊ុនថង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះត្រូវជា ពូ និង ក្មួយ បានឈ្លោះប្រកែកគ្នា ដោយប្រើពាក្យសម្តីដៀមដាមដាក់គ្នាទៅវិញទៅមក បន្ទាប់មកជនរងគ្រោះបានរើសដុំថ្មគប់ទៅលើជនសង្ស័យចំនួន០៣ដុំថ្ម តែមិនត្រូវ ហើយជនសង្ស័យបានទាយចានថ្ម ០១ គប់មកលើជនសង្ស័យចំសៀតផ្កាខាងឆ្វេង ។ ពេលនោះជនសង្ស័យខឹងពេក បានចូលទៅក្នុងផ្ទះទាញយកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះមួយកាំបិតចំថ្ពល់ខាងឆ្វេង បណ្តាលឲ្យរងរបួស ដេរចំនួន១៤ថ្នេរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ អនុវត្តតាមនីតិវិធីច្បាប់៕