ខេត្តកំពង់ស្ពឺ៖ សង្ស័យអ្នកបើកបរស្រវឹងស្រា រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿន បានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូ ចំពីមុខយ៉ាងពេញ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាលនៅមណ្ឌសុខភាពស្រុកឧដុង្គ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៧ និង១១៨ ស្ថិតនៅភូមិគោ ឃុំមនោរម្យ ស្រុកថ្ពង ។


មន្រ្តីអធិការនគរបាលស្រុកថ្ពង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ស៊េរីឆ្នាំ ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AX3039 បើកបរដោយឈ្មោះលន់ វ៉ាន់ថា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង បើកតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូរ៉ឺម៉កម៉ូតូ១ គ្រឿងដែលកំពុងបើកបរមកពីទិសខាងលិចទៅទិសខាងកើត គ្មានពាក់ស្លាក់លេខនោះទេ បើកបរដោយឈ្មោះសែម សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិហង្សឈូក ឃុំសាមគ្គីមានជ័យ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យមនុស្សរងរបួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៣នាក់ ផងដែរ។


ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះធ្វើការវាស់វែង។ ចំណែកជនរងគ្រោះទាំង១២នាក់ បានដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យឧដុង្គ។ ដោយឡែកវត្ថុតាងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី៕