ខេត្តកំពង់ឆ្នាំង ៖ ជនមិនស្គាល់មុខម្នាក់បានចាប់ក្មេងស្រីអាយុ៥ឆ្នាំ យកទៅរំលោភរួច សម្លាប់បោះចូលទៅក្នុងទឹកស្រះយ៉ាងសាហាវព្រៃផ្សៅបំផុត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។


សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ដែលជាថ្ងៃពិធីបុណ្យអកអំបុកសំពះ ព្រះខែ នៅក្នុងវត្តកងមាស បានរៀបចំពិធីបុណ្យអកអំ បុកសំពះព្រះខែផងដែរ ហើយក្នុងវេលាយប់នោះ ឪពុកម្ដាយ រួមទាំងកូន៣នាក់ទៀត បានទៅចូលរួមក្នុងពិធីបុណ្យអកអំបុក នៅឯវត្តដែលនៅជិតផ្ទះនោះ ដោយទុកកុមារីរងគ្រោះ និងប្អូនម្នាក់ទៀតឲ្យដេកនៅលើគ្រែក្រោមផ្ទះ។

លុះវេលាម៉ោងប្រមាណជាង១១យប់ទៅហើយ ឪពុកម្ដាយត្រឡប់មកពីវត្តវិញ មិនឃើញកូនស្រីច្បង(កុមារីរងគ្រោះ)ដេកនៅលើគ្រែជាមួយប្អូន ក៏មានការភ្ញាក់ផ្អើល និងបាននាំគ្នាដើររកទាំងយប់នៅគ្រប់ទីកន្លែងតែរកមិនឃើញ ។ រហូតដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយស្រាវជ្រាវរក ហើយក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ ក៏បាននាំគ្នាបន្តដើររកជុំវិញភូមិ និងក្នុងវត្តរហូតដល់ម៉ោង៣ជាង តែរកពុំឃើញ ។ អ្នកភូមិមានការសង្ស័យ ក៏បាននាំគ្នាចុះក្នុងស្រះមួយកន្លែងស្ថិតក្នុងបរិវេណវត្ត រាវរក ស្រាប់តែប្រទះឃើញសពកុមារីរងគ្រោះស្លាប់នៅក្នុងទឹកស្រះនោះបាត់ទៅហើយ។


សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យឃើញមានស្នាកស្នាមដាច់រហែកប្រដាប់ភេទ និងមានស្នាមជាច្រើនកន្លែងទៀត សមត្ថកិច្ចសន្និដ្ឋានថា នេះជាករណីចាប់រំលោភសម្លាប់ ហើយដើម្បីបំបិតភស្តុតាង ហើយជនល្មើសបានយកក្មេងស្រីរងគ្រោះទម្លាក់ចូលទៅក្នុងទឹកស្រះតែម្ដង។
ក្រោយធ្វើការពិនិត្យ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនល្មើសមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ក៏ប៉ុន្តែសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវវែកមុខរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕