រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ (ថ្ងៃទី១០-១២ ខែវិច្ឆិកា) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានមនុស្សស្លាប់ចំនួន១០នាក់ និងរបួសចំនួន៦៣នាក់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់ ៤នាក់(ស្រី០នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល២៥នាក់(ស្រី៨នាក់) ។


ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៩នាក់ នៅថ្ងៃទី១២ ខែវិចិ្ឆកានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៤លើក។
ចំណែក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរាណ៍ បានកើតឡើង១១លើក បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងបានបង្កឱ្យមានអ្នករងរបួសធ្ងន់១៨នាក់ (ប្រុស) របួសស្រាល១៤នាក់ (ស្រី៧នាក់) ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់មាន១៧នាក់ (យប់៥នាក់)។មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៤លើក(ស្លាប់ម្នាក់), មិនគោរពសិទ្ធ ៤លើក, និងប្រជែង ៣លើក។


ដោយឡែក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វិញគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបង្កឲ្យមានមនុស្សស្លាប់៥នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ២០នាក់(ស្រី៩នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៥នាក់ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១១លើក ៕