រាជធានីភ្នំពេញ៖ មុខសញ្ញាចោរលួចរថយន្ដ ជនជាតិវៀតណាមម្នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកប្រតិបត្តិការបង្ក្រាបបាន ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
ជនសង្ស័យឈ្មោះ Phan Van Ho អាយុ២៩ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C4563131។

មុនពេលឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្ដ Prius មួយគ្រឿង នៅភូមិស្វាយប៉ាក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

ក្រោយជនសង្ស័យធ្វើសកម្មភាពលួចរថយន្ដ Prius នោះ វកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់មុខសញ្ញាបាន និងធ្វើការបង្ក្រាបជាក់ស្ដែងតែម្ដង និងដកហូតបាន ដែកកាច់សោររថយន្ត០១, ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS ចំនួន០១គ្រឿង, ឧបករណ៍សម្រាប់ភ្ជាប់ជាមួយស្មាតឃី ចំនួន០១គ្រឿង, ដែកកាច់សោសូឡិច ចំនួន០១ និងរថយន្តម៉ាក Prius ជារបស់ជនរងគ្រោះ ។

ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានលួចរថយន្ដ Prius ពណ៌ស ស្លាកលេខភ្នំពេញ 2Y-8393 ពិតប្រាកដមែន។
ជនសង្ស័យបានបញ្ជាក់ថា សម្រាប់រថយន្ដប្រើប្រាស់ស្មាតឃី ចាប់ពីស៊េរីឆ្នាំ២០០៩ ចុះក្រោម មិនពិបាកលួចនោះទេ ដោយប្រើពេលត្រឹមតែ២នាទីប៉ុណ្ណោះ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ ទាំងឧបករណ៍ផ្ដាច់ GPS និងឧបករណ៍ភ្ជាប់ជាមួយស្មាតឃី ដែលសម្ភារៈទាំងនេះគេយកមកពីប្រទេសវៀតណាម។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕