រាជធានីភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកSamdech Hun Sen, Cambodian Prime Minister ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានខ្លឹមសារថា៖ ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។

ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។

ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាម និងពាក្យប្រឌិតភូតកុហក់បោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច។ រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។ សូមកុំជឿពាក្យភូតកុហក់ដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។


ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ៕