រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់ ជា​ជាង​ធ្វើ​សោ​ផង ជា​មុខសញ្ញា​ចោរលួច​រថយន្ដ​ផង ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​តាម​ចាប់ខ្លួន​បាន ក្រោយ​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ​ម៉ាក Prius ១​គ្រឿង នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៩​នេះ ។

ជនសង្ស័យ​ឈ្មោះ Phan Van Ho អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C4563131 ចាប់ខ្លួន​បាន​ជាក់ស្ដែង​តែ​ម្ដង នៅ​ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ដកហូត​បាន ដែក​កាច់​សោរ​រថយន្ត​០១, ឧបករណ៍​ផ្តាច់​ប្រព័ន្ធ GPS ចំនួន​០១​គ្រឿង​, ឧបករណ៍​សម្រាប់​ត​ភ្ជាប់​ជាមួយ​ស្មា​ត​ឃី ចំនួន​០១​គ្រឿង​, ដែក​កាច់​សោ​សូឡិច ចំនួន​០១ និង​រថយន្ត​របស់​ជន​រង​គ្រោះ ម៉ាក Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-8393 ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បាន​ប្រាប់​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ អោយ​ដឹង​ថា រូបគេ​ពិតជា​បាន​លួច​រថយន្ដ Prius ពណ៌​ស ពិតប្រាកដ​មែន ដោយ​ជនជាតិ​វៀតណាម​រូប​នេះ​បញ្ជាក់​ថា «​សម្រាប់​រថយន្ដ​ប្រើប្រាស់​សោ​ស្មា​ត​ឃី ចាប់ពី​ស៊េរី​ឆ្នាំ​២០០៩ ចុះ​ក្រោម មិន​ពិបាក​លួច​នោះ​ទេ គឺ​ប្រើ​ពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ លួច​បាន​សម្រេច​ហើយ ព្រោះ​ជនសង្ស័យ​មាន​ឧបករណ៍​គ្រប់គ្រាន់ ទាំង​ឧបករណ៍​ផ្ដាច់ GPS និង​ឧបករណ៍​ភ្ជាប់​ជាមួយ​សោ​ស្មា​ត​ឃី​គ្រប់​ប្រភេទ ដែល​សម្ភារ​ទាំងនេះ រូបគេ​យក​មក​ពី​ប្រទេស​វៀតណាម ។

ជាមួយ​គ្នា​នេះ​ដែរ​សមត្ថកិច្ច ក៏​បានអោយ​ដឹង​ដែ​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​នេះ ជា​មុខសញ្ញា​គ្រោះថ្នាក់​បំផុត អាច​ថា​ជា​ចោរ​ជំនាញ ព្រោះ​រូបគេ​មានមុខរ​បរជា​ជាង​សោ ហើយ​មាន​ទាំង​ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព ពិសេស​ការ​លួច​រថយន្ដ​ដែល​ប្រើ​សោ​ស្មា​ត​ឃី ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ ៕