រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ដែល​មក​លេង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ មាន​អាការ​ឈឺក្បាល វិលមុខ ជិត​១​ម៉ឺន​នាក់ ។​

លោក​វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០១៩​នេះ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​បាន​ជិត​១​ម៉ឺន​នាក់ គឺ​នៅ​ថ្ងៃ​ទី​មួយ មាន​ចំនួន​៤,០៨៨​នាក់ និង​ថ្ងៃ​ទី​ពីរ មាន​ចំនួន​៤,៩៤៨​នាក់ ។ ក្នុង​នោះ​សម្រាប់​ថ្ងៃ​ទី​២​អ្នក​រង​របួស​ចំនួន​៥៥​នាក់ និង​អ្នកជំងឺ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​៥​នាក់ ។ ប្រជាពលរដ្ឋ​ភាគច្រើន មាន​អាការ​ដូច​ជា ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុក​រាគ និង​ខ្យល់ចាប់ ។​

លោក​បន្ថែម​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ពង្រាយ​ស្តង់​សុខាភិបាល តាម​គោលដៅ​ទីតាំង​សេវា​សុខាភិបាល ដែល​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំ​ជួយ​សង្គ្រោះ​ចំនួន​៨​ស្តង់ និង​សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​ចំនួន​១៣​ក្រុម ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ៕