រាជធានីភ្នំពេញ៖ រថយន្តប្រភេទឃ្លុបដឹកទំនិញមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរ២នាក់ទៀត ស្ថិតក្នុងភាពស្រវឹងស្រាបានបើកបរយ៉ាងលឿនទៅបុកម៉ូតូកង់បីឥណ្ឌា ហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋ រួមទាំងម៉ូតូ២គ្រឿង រួចថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាកISUZUដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM.3759 បើកតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដលខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពណ៌ស គ្មានស្លាកលេខដែលចតនៅលើចិញ្ចើមផ្លូវ បន្តទៅបុកស្លាកយីហោផ្ទះសំណាក់បាក់អស់១ដើម ថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះ និងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះ ក្នុងនោះមានម៉ូតូ២គ្រឿងទៀតផងដែរ។
ភ្លាមៗនោះ អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ដែរ តែទៅប៉ះរថយន្តវីហ្គោពណ៌ស មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់ផ្ទះចាប់បានអ្នកបើកបរ ចំណែកអ្នករួមដំណើរ២នាក់ទៀត រត់គេចបាត់ ។ តែក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ មិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចរាចរណ៍ មកវាស់វែងយកនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕