ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង តាមចាប់ជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣នាក់ ក្នុងសំណុំរឿងអំពើឃាតកម្មកាប់យុវជនម្នាក់បណ្តាលឲ្យស្លាប់ ដោយគ្រាន់តែទាស់ពាក្យសំដី ក្នុងពេលដើរលេងជាមួយគ្នានោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ប្រាក់ សុធារាជ ហៅពៅ ភេទប្រុស អាយុ១៦ឆ្នាំជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាជនដៃដល់ និងទី២៖ ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាជនសមគំនិត បានជិះម៉ូតូម៉ាកឌូក ពាក់ស្លាកលេខ ភ្នំពេញ 1CV-1852 ពណ៌សលាយខ្មៅឌុបគ្នា ប្រដាប់ដោយកាំបិតធ្វើសកម្មភាពដេញកាប់ទៅលើឈ្មោះ វ៉ា វិសាល ភេទប្រុសអាយុ ១៨ឆ្នាំជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញា ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេង វិចាអក្ខរ៉ា ហៅស្នា ដែលជាអ្នកបើកម៉ូតូ នាំខ្លួនយកទៅអធិការរដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ អេង វិចាអក្ខរ៉ា បានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូឌុបឈ្មោះ ប្រាក់ សុធារាជ ហៅពៅ ទៅធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន ។ ក្រោយពីធ្វើសកម្មភាពហើយ ខ្លួន និងឈ្មោះ ប្រាក់ សុធារាជ ហៅពៅ ក៏បែកផ្លូវគ្នារៀងៗខ្លួន។

ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានបន្តសា្រវជ្រាវរកចាប់ខ្លួនឈ្មោះ ប្រាក់ សុធារាជ ហៅពៅ បាននៅរាជធានីភ្នំពេញ វេលាម៉ោង២ រសៀល ហើយឈ្មោះ ប្រាក់ សុធារាជ ហៅពៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ វ៉ា វិសាល ប្រាកដមែន។ រីឯវត្ថុតាងកាំបិត ដែលខ្លួនធ្វើសកម្មភាពនោះ គឺខ្លួនខ្ចីពីឈ្មោះ សុខ ទិត្យវាសនា ក្រោយពេលធ្វើសកម្មភាពហើយខ្លួន និងឈ្មោះ អេង វិចាអក្ខរ៉ា បានយកកាំបិតនោះទៅឲ្យឈ្មោះ សុខ ទិត្យវាសនា វិញ។
មូលហេតុដែលឈានដល់ការសម្លាប់គ្នានេះ គឺមកពីការទាស់ពាក្យសំដី ក្នុងពេលដើរលេងជាមួយគ្នា។

ជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាងកាំបិត ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕