ខេត្តបាត់ដំបង៖ ស្រ្តីជាម្តាយបានយំសោកបោកខ្លួន និងដេកយំឱបសពកូនដោយក្ដីសោកស្ដាយបំផុត ខណៈទៅលេងផ្ទះបងប្រុសបង្កើត ហើយបណ្តែតបណ្តោយឲ្យកូនលង់ទឹកស្រះស្លាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃ អាទិត្យ១៤កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ។

ក្មេងស្រីរងគ្រោះឈ្មោះ ឈួន លីហ្សា ភេទស្រី អាយុ៣ឆ្នាំ មានទីលំនៅ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

មុនពេលកើតហេតុ ស្រីជាម្តាយបាននាំកូនស្រីរងទៅលេងផ្ទះបងប្រុសបង្កើតរបស់ខ្លួន នៅភូមិឃុំកើតហេតុ ។ ពេលនោះ ស្រីជាម្តាយបានចូលក្នុងបន្ទប់ទឹក ដោយទុកកូនឲ្យរត់លេងនៅមុខផ្ទះ។ ខណ:នោះក្មេងស្រីរងគ្រោះបានដើរទៅលេងទឹកស្រះខាងមុខផ្ទះតែម្នាក់ឯងក្នុងចម្ងាយប្រហែល២០ម៉ែត្រ ក៏លង់ទឹកស្លាប់តែម្តង ។ ពេលស្រីជាម្តាយចេញពីបន្ទប់ទឹកវិញ បាត់កូនមិនឃើញនៅលេងមុខផ្ទះ កើតការសង្ស័យថា លង់ទឹក ក៏ឲ្យបងប្អូនចុះរាវក្នុងទឺកស្រះស្រាប់តែបានប្រទះឃើញក្មេងស្រីរងគ្រោះស្លាប់បាត់ទៅហើយ ធ្វើឲ្យម្តាយយំសោកបោកខ្លួនស្តាយស្រណោះកូនរហូតសន្លប់តែម្តង ។

ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕