ភ្នំពេញ៖ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រទះឃើញក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ដែលវង្វេងបាត់ម្តាយនៅមុខព្រះបរមរាជវាំង ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ ត្រូវបានសមត្ថកិច្ចធ្វើការ ប្រកាសស្រាវជ្រាវរកក្រុមគ្រួសារ រហូតបានជួបម្តាយវិញ ។

ក្មេងប្រុសដែលវង្វេងម្តាយនោះឈ្មោះប្រាក់ ដារារិទ្ធិ អាយុ៦ឆ្នាំ ។ ចំណែកស្រ្តីជាម្តាយឈ្មោះលុញ ពណ្ណារី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអូនឹម ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ពួកគាត់បានឃើញក្មេងប្រុសម្នាក់ ឈរយំតែម្នាក់ឯង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះសួរនាំ ទើបដឹងថាក្មេងប្រុសរូបនេះបាត់ម្តាយ ។ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការប្រកាសតាមគោលដៅ ដើម្បីស្វែងរកម្តាយក្មេង រហូតដល់រកឃើញម្តាយមកទទួលយកត្របល់ទៅផ្ទះវិញ ៕