ខេត្តស្វាយរៀង៖ ក្រោយពីមានជម្លោះពាក្យសំដីគ្នា ជនសង្ស័យ២នាក់ជិះម៉ូតូកាន់ដាវដេញកាប់យុវជនម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលហូឈាមធ្ងន់ធ្ងន់ និងបានបាត់បង់ជីវិតពេលប្រឹងត្រដត្រដាបត្រដួសលើកម៉ូតូជិះទៅមន្ទីរពេទ្យបង្អែក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងថា ជនរងគ្រោះមានឈ្មោះវ៉ា វិសាល អាយុ១៩ឆ្នាំ ជានិស្សិត និងជាកីឡាករបាល់ទាត់ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានត្រូវបានឈ្មោះអេង វាចាអក្ខរ៉ា អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ឯជនសង្ស័យដែលបានរត់គេចខ្លួនបាត់ ឈ្មោះប្រាក់ សុភារាជ ហៅពៅ អាយុ១៩ឆ្នាំ ជាសិស្សរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកឌូក និងមានកាន់ដាវសាំមេរ៉ៃដកាប់នៅ កាប់ទៅលើយុវជនម្នាក់ដែលកំពុងជិះម៉ូតូ ចំក្បាលធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ទើបជនសង្ស័យទាំង២ជិះគេចខ្លួន ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវឃាត់បានម្នាក់មកសាកសួរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានហូរឈាមជោកខ្លួន ប្រឹងត្រដត្រដាបត្រដួសលើកម៉ូតូជិះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង តែអកុសលហូរឈាមច្រើនពេក ក៏បានដាច់ខ្យល់ស្លាប់គួរអោយអាសូរ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង ដើម្បីសាកសួរបន្ត រីឯសាកសពជនរងគ្រោះបានប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕