រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មក​លេង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់ ចំពោះ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ដោយ​ខ្លួនឯង ពោល​គឺ​មិន​ត្រូវ​ពឹងផ្អែក​ទៅ​លើ​សមត្ថកិច្ច​ទាំងស្រុង​នោះ​ទេ ដើម្បី​ចៀសវាង​មានការ​បាត់បង់​ដោយ​ប្រការ​ណាមួយ​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​១២ វិច្ឆិកា ២០១៩​នេះ ។​

​លោក​អភិបាលរង​ខណ្ឌ​ជ្រោយចង្វារ អំពាវនាវ​ដូច្នេះ​ថា សូម​ភ្ញៀវ​ទេសចរ​ទាំងអស់​ពេល​មក​ចូលរួម​ដើរ​កំសាន្ត បុណ្យអុំទូក នេះ ត្រូវ​ផ្ញើរ​ឬ​ទុកដាក់​ម៉ូតូ ឡាន ឬ​សម្ភារៈ​មាន​តម្លៃ​ផ្សេង​ៗ​ឱ្យ​មាន​របៀបរៀបរយ បើ​ទោះបីជា​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​ជា​ច្រើន​នាក់ នៅ​តាម​គោលដៅ​ផ្សេង​ៗ​ក៏​ដោយ តែបើ​ប្រជាពលរដ្ឋ​មានការ​ទ្វេ​ស​ប្រហែស ក្រុម​ជន​ខិល​ខួច​អាច​មានឱកាស​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជា​មិន​ខាន ។​

​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បាត់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ចំនួន​៣​គ្រឿង កាលពី​បុណ្យអុំទូក​ថ្ងៃ​ទី​មួយ នៅ​គោលដៅ​ជ្រោយចង្វា​ត្រើយ​ខាងកើត​ទន្លេ មូលហេតុ​ដោយសារ​ម្ចាស់​ម៉ូតូ មានការ​ទ្វេ​ស​ប្រហែស​ទុក​ម៉ូតូ​ចោល ហើយ​មិន​បាន​ផ្ញើ ឬ​ក៏​មើល​មិន​បាន​ត្រឹមត្រូវ ។​

ជាមួយ​គ្នា​នេះ​ដែរ បើ​សង្ស័យ ឫ​មាន​ករណី​ឃើញ​ចោរលួច ឆក់ ឬ​មាន​បញ្ហា​សន្តិសុខ​ផ្សេង​ៗ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ក្បែរ​ក​លោក​អ្នក​ភ្លាម​ៗ ដើម្បី​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឲ្យ​ទាន់​ពេលវេលា ៕