រាជធានីភ្នំពេញ៖ លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានទទួលជួបលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ កម្ពុជានៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ជំនួបនេះបានធ្វើឡើងបន្ទាប់ពី លោកកឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។
លោកមុត ចន្ថា នាយកខុទ្ទកាល័យរបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះដែលត្រូវរំលាយដោយអំណាចតុលាការ បានអះអាងថា ជំក្នុងនួបរវាងលោកកឹម សុខា និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) រយៈពេលជិតពីរម៉ោងនោះ បានត្រឹមតែសួរសុខទុក្ខគ្នាធម្មតា មិនមានជជែកលើបញ្ហាអ្វីផ្សេងនោះឡើយ។ ពេលនោះលោក កឹម សុខា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលបារាំងផងដែរ ដែលបានជួយធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។

បើតាមលោក មុត ចន្ថា ជំនួបនាព្រឹកមិញនេះ មិនមានជជែកលើបញ្ហាផ្សេងនោះឡើយ។ លោកបានបញ្ជាក់ថា គោលបំណងនៃការមកជួបលោកកឹម សុខា នេះ គឺលោកស្រី អេវ៉ា ង្វៀន ប៊ិញ គ្រាន់តែមកសួរសុខទុក្ខធម្មតាប៉ុណ្ណោះ ដែលលោកខានជួបជាមួយបេសកកម្មស្ថានទូតយូរមកហើយ។

ជាមួយគ្នានោះ លោកកឹម សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូចជាលោកស្រីឯកអគ្គរដ្ឋទូតដែលបានជួយប្រទេសកម្ពុជាដល់ដំណើរការប្រជាធិបតេយ្យ ក៏ដូចជាជួយដល់ការស្វែងរកសិទ្ធិសេរីភាព និងផ្តល់យុត្តិធម៌ដល់រូបលោក៕