ហុងកុង ៖ យ៉ាង​ហោច​ណាស់បាតុករ​ម្នាក់​បាន​រង​របួស​ហូរ​ឈាម​ដេក​ដួល​លើ​ថ្នល់ ដោយ​ប៉ូលិស​​បាញ់​ស្តែង​ៗ​តែ​ម្តង នៅ​ពេល​មិន​អាច​រក្សា​ការ​អត់ធ្មត់​ ទៅ​លើ​ក្រុម​បាតុករ​ដែល​តវ៉ា​គ្មាន​ថ្ងៃ​បញ្ចប់ រហូត​ឈាន់​ដល់​ការ​បង្ក្រាប​ដ៏​ក្តៅ​គគុក​ឡើង ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជា​ច្រើន បាន​ចុះ​ផ្សាយ​ពី​ករណី​បង្ក្រាប​នៅ​ភាគ​ខាងកើត​ នៃ​កោះ​ហុងកុង​នេះ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ ។

សកម្មភាព​បាញ់ប្រហារ​នេះ ក៏​ត្រូវ​បាន​ក្រុម​បាតុករ​ធ្វើការ​ផ្សាយ​ផ្ទាល់​(Live) នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា មន្ត្រី​ប៉ូលិស​ហុងកុង​មួយ​រូប បាន​ប្រើប្រាស់​កាំភ្លើង បាញ់​ទៅ​លើ​បាតុករ​ពាក់​ម៉ាស់​ម្នាក់ បណ្តាល​ឲ្យ​រង​របួស ដោយសារ​តែ​រូបគេ បាន​ធ្វើការ​តវ៉ា​បំពាន​លើ​បំរាម ខណៈ​ការ​តវ៉ា​ក្នុង​ទីក្រុង​ស្វយ័ត​ចិន​មួយ​នេះ កំពុង​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើង​ៗ ក្រោយ​ការ​ស្លាប់​របស់​និស្សិត​ម្នាក់ ដែល​បាន​ធ្លាក់​ពីលើ​អគារ​មួយ កំឡុង​ការ​តវ៉ា កាលពី​ស​ប្តា​ហ៍​មុន ហើយ​ការ​បាញ់ប្រហារ​នេះ កាន់តែ​ដុត​កំហឹង​បន្ថែម​ឡើង​ៗ ។

សូម​ជម្រាប​ថា ប្រមាណ​ជាង​៥​ខែ​មក​ហើយ ដែល​បាតុករ​ធ្វើការ​តវ៉ា​នៅ​ទីក្រុង​ហុងកុង បាន​ផ្ទុះ​ឡើង ដំបូង​ឡើយ ផ្តើម​ពី​ការ​រៀបចំសេចក្តី​ព្រាង នៃ​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​បាន​បង្ក​ឲ្យ​ប្រជាជន​ហុងកុង ជា​ពិសេស​បណ្តា​ក្រុម​និស្សិត មានការ​ខឹងសម្បារ រហូត​ធ្វើការ​តវ៉ា​ឲ្យ​មានការ​លុប​ច្បាប់​នេះ​ចោល​វិញ ហើយ​ពួក​គេ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ ទោះបីជា​រដ្ឋបាល​ទីក្រុង​ហុងកុង បាន​ដកថយ​អស់​ជា​ច្រើន​ជំហាន ដើម្បី​ស្រប​តាម​ការ​ចង់បាន​របស់​ក្រុម​បាតុករ​ក៏​ដោយ ក៏​បាតុកម្ម ហាក់​គ្មាន​ភាព​ស្ងប់ស្ងាត់​នោះ​ដែរ ព្រោះ​អ្វី​ដែល​ក្រុម​បាតុករ បាន​និង​កំពុង​ទាមទារ​បន្ថែម​ទៀត​នោះ គឺ​ការ​លាលែង​ចេញពី​តំណែង​របស់​លោក​អភិបាលក្រុង ខា​រី ឡាំ (Carrie Lam) ព្រមទាំង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស សមាជិក​សភា​ក្រុង​ជា​ថ្មី ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រុម​បាតុករ​កំណត់​ទៀត​ផង ។

ទោះបីជា​បែប​នេះ​ក្តី ទីក្រុង​ប៉េ​កាំ​ង​ដែល​មាន​សិទ្ធិ​អំណាច​ធំ លើ​ទីក្រុង​ស្វយ័ត​មួយ​នេះ កាលពី​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​ការ​ដឹកនាំ​របស់​លោកស្រី ខា​រី ឡាំ ជា​ពិសេស គឺ​ចំណាត់ការ​ដើម្បី​បង្ក្រាប​បាតុកម្មហិង្សា ដែល​បំពាន​ច្បាប់ ៕