រាជធានីភ្នំពេញ៖ ក្រោយតុលាការផ្តល់សិទ្ធិឱ្យដើរនៅក្រៅផ្ទះ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកកឹម សុខា បានបង្ហោះសារមួយនៅលើ Facebook របស់លោកផ្ទាល់មានខ្លឹមសារថា៖ កាលពីថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះ សហមេធាវីការពារសិទ្ធិរបស់ខ្ញុំបានដាក់ពាក្យស្នើសុំឲ្យចៅក្រមស៊ើបសួរលើកលែងបទចោទមកលើរូបខ្ញុំ។ ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខ័ណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។

ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ។
ជាចុងក្រោយនេះ ខ្ញុំសូមផ្ញើសេចក្តីនឹករលឹកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ហើយខ្ញុំនឹងទៅជំរាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំនឹងជំរាបជូនដំណឹងលំអិតនៅពេលក្រោយ។ សូមអរគុណ!
សូមបញ្ជាក់ថា លោក កឹម សុខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង អស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លុង មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ៕