ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោកអាត់ ខែម ស្នងការនគរបាលខេត្ត បានឃាត់ខ្លួនកងអង្គរក្សរបស់លោកសម រង្ស៊ី ចំនួន៥នាក់ កាលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩នៅផ្ទះសំណាក់សេះមាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ គឺជាក្រុមអង្គរក្សផ្ទាល់របស់លោកសម រង្ស៊ី បានចូលមកស្នាក់នៅក្នុងផ្ទៈសំណាក់ខាងលើ ចំនួន៣ថ្ងៃហើយ ដើម្បីរៀបចំផែនការរបស់ពួកគេក្នុងការបង្កើតព្រឹត្តិការណ៍ខុសច្បាប់ផ្សេងៗ។

ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចនាំទៅសួរនាំនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។


គិតត្រឹមថ្ងៃទី១០ វិច្ឆិកានេះ សកម្មជនបក្សសង្គ្រោះជាតិចំនួន ៨៨នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចំនួន២០០នាក់ផ្សេងទៀតបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទសង្ស័យ ថា បានចូលរួមអមដំណើរជាមួយលោកសម រង្ស៊ី វិលត្រឡប់មកស្រុកវិញ៕