ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យរបួស០៣នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ កាលពីវេលាម៉ោង១៨ និង០៥នាទី ល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦ និង៣៧ ត្រង់ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-5625 បើកបរដោយឈ្មោះ ប្រាក់ សូយ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ឌុបព្រះសង្ឃមួយអង្គ ព្រះនាម ស៊ៀន សុភាព ព្រជន្ម ២០វស្សា មានទីលំនៅភូមិឃុំជាមួយគ្នា ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង។

លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកសងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-6529 កណ1 បើកបរដោយឈ្មោះ កែម ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូធ្វេសប្រហែស ខ្វះប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 រងរបួសស្រាល ដាច់បបូរមាត់ខាងលើ និងព្រះសង្ឃព្រះនាម ស៊ៀន សុភាព របួសស្រាល។ ឯអ្នកបើកបរម៉ូតូសង់កូរ៉េ ពណ៌ក្រហម របួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះសងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ រីឯវត្ថុតាងខូចខាតបានយកមករក្សទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕