ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះគេ រួចលួចលុយអស់មួយចំនួន ចុងក្រោយជនរងគ្រោះជាម្ចាស់ផ្ទះដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។
ករណីនេះបានកើតឡើង នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ។


ជនសង្ស័យ ឈ្មោះ ដុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ៣៦ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិឃុំខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចចំនួន៤លើកមកហើយ រួមទាំងធ្លាប់លួចម៉ូតូ របស់ជនរងគ្រោះផងដែរ ។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក នៅពេលជនរងគ្រោះចេញពីផ្ទះទៅធ្វើការរោងចក្រ នៅឆ្ងាយពីផ្ទះ ដោយទុកឲ្យកូនៗនៅចាំផ្ទះ ។

លុះរហូតមកដល់វេលាម៉ោង៧ យប់ ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះវិញ ស្រាប់តែមានអ្នកជិតខាងប្រាប់ថា បានឃើញជនសង្ស័យ បានឡើងទៅលើផ្ទះ ឮដូច្នេះ ជនរងគ្រោះបាន ឡើងទៅលើផ្ទះមើលសម្ភារៈ និងទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងទូ បាត់បង់ប្រាក់ដុល្លារចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ,ប្រាក់បាតចំនួន៦០០០បាត និងប្រាក់រៀលចំនួន៣០០,០០០រៀល ក៍ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយអំពារ ដើម្បីជួយអន្ដរាគមន៍ចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានឃាត់ខ្លួនជនសង្ស័យ រួចនាំមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឡើងលួចប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យ ឈ្មោះ ដុំ សំណាង ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ កសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕