វ៉ាស៊ីនតោន៖ មហាសេដ្ឋីមុខជំនួញនៅញូយ៉ក លោកម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) បានសម្រេចចិត្តចូលរួមប្រកួតប្រជែងយកតំណែងបេក្ខភាពប្រធានាធិបតីអាមេរិក ដើម្បីឈានទៅប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ។


នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ទើបតែបានចុះឈ្មោះនៅរដ្ឋអាឡាបាម៉ា (Alabama) សម្រាប់ការប្រកួតប្រជែងយកតំណែងជាបេក្ខជនចម្បង ឬជាបេក្ខភាពតែមួយគត់របស់បក្សប្រជាធិបតេយ្យ ដើម្បីបន្តទៅប្រកួតក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងចំណោមបេក្ខជនប្រធានាធិបតីសរុប ១៧រូប នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលក្នុងនោះមានស្រ្តី០៥នាក់។
កាលពីខែមីនា ឆ្នាំ២០១៩ មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក ធ្លាប់បានប្រកាសថា លោកនឹងមិនចូលប្រឡងប្រណាំងយកតំណែងប្រធានាធិបតីនោះទេ។


ខណៈនេះ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិក ដែលមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់រួមមានលោកស្រី អេលីហ្សាប៊ែត វ៉ារែន (Ellizabeth Warren), លោក ប៊ឺនី សេនដឺស៍ (Bernie Sanders) និងលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីអាមេរិក។
បើតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក អាយុ៧៧ឆ្នាំ គឺមហាសេដ្ឋី ជនជាតិអាមេរិក មានជាងគេទី ៩ ជាមួយទ្រព្យសម្បត្តិខ្ទង់៥៧.១ពាន់លានដុល្លារ និង ជាមហាសេដ្ឋី មានជាងគេទី១៤ នៅលើពិភពលោក ហើយលោកក៏ធ្លាប់កាន់តួនាទីជាអភិបាលក្រុងញូយ៉កផងដែរ។
ដំណឹងនៃការចូលរួមប្រកួតប្រជែងរបស់លោក Bloomberg ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសបង្ហោះសារឌឺដង ថា មហាសេដ្ឋី ម៉ៃឃើល ប្លូមប៊ឺក នឹងទទួលបរាជ័យជាមិនខាន៕