-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ចំណុច​ព្រំដែន​ប៉ោយ​ប៉ែ​ត ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូត​មក​ដល់​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ មាន​សភាពការណ៍​ធម្មតា ដោយ​មិន​មាន​បាតុភាព​ណាមួយ ឬ​ការ​ប្រមូលផ្តុំ​កម្លាំង​មហាជន​ខុស​ពី​ប្រក្រតី​ទេ ។ ប៉ុន្តែ​នៅ​ព្រឹក​មិ​ញ​នេះ កម្លាំង​សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​យុវជន​ម្នាក់ សួរ​ចម្លើយ​នៅ​នឹង​កន្លែង នៅ​ចំណុច​ព្រំដែន​ប៉ោយ​ប៉ែ​ត សង្ស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ក្រុម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ខណៈ​ដែល​យុវជន​ម្នាក់​នោះ​បាន​ទៅ​កាន់​ចំណុច​ព្រំដែន ហើយ​និយាយ​គាំទ្រ​ដល់​សកម្មភាព​របស់​លោក សម រ​ង្ស៉ី និង​បក្ខពួក ។

-​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ៖ សម្រាប់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ជាប់​ព្រំដែន​ប្រទេស​ថៃ​នេះ បើ​មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រក​ព្រំ បាន​បញ្ជាក់​ថា «​ជា​ធម្មតា​ទេ ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជាមួយ​រថយន្ត​ទេសចរណ៍​ចេញចូល​ជា​ធម្មតា មិន​មានអី​ប្រែប្រួល​ផង ពួក​យើង​ប្រចាំ​នៅ​ទី​នេះ មិន​មានអី​ផង​»​។​

-​ច្រក​ទ្វារ​អន្តរជាតិ​ដូង ខេត្តបាត់ដំបង ៖ មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ដែល​ជាប់​ព្រំដែន​ថៃ​ឯណោះ​វិញ បាន​បញ្ជាក់​ថា «​មិន​មានអី​ជា​ការ​កត់សម្គាល់​នោះ​ឡើយ ធម្មតា​ទេ បងប្អូន​យើង​ចេញចូល​ធម្មតា ហើយ​កម្លាំង​របស់​យើង​ឈរជើង​នៅ​ទីនោះ​ធម្មតា និង​នាំ​គ្នា​ហូប​អំបុក​យ៉ាង​ឆ្ងាញ់ ដែល​ជា​ទិវា​ពិសា​អំបុក​ទូ​ទាំង​ប្រទេស ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​» ។​

-​ច្រក​ទ្វារ​អន្ដរជាតិ​ភ្នំ​ដី នៅ​ខេត្តបាត់ដំបង ៖ ច្រក​ទ្វារ​អន្ដរជាតិ​គីឡូ​១៣ (​ច្រក​ទ្វារ​ភ្នំ​ដី​) ស្ថិត​ក្នុង​ខេត្តបាត់ដំបង ជាប់​ព្រំដែន​ថៃ គេ​ស​ង្គេ​ត​ឃើញ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មាន​ភាព​ដូច​ធម្មតា ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។​

-​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម នៅ​ខេត្តកោះកុង ៖ ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម ស្ថិត​ក្នុង​ខេត្តកោះកុង ជាប់​ព្រំដែន​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​វិច្ឆិកា នេះ មាន​ភាព​ស្ងប់ស្ងាត់​ល្អ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចេញចូល​ដូច​ធម្មតា គ្មាន​អ្វី​ប្លែក​ឡើយ ។ ដោយឡែក​សមត្ថកិច្ច​ជា​ច្រើន​នាក់ នៅ​បន្ដ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​ដដែល ។​

-​ច្រកព្រំដែន​អានសេះ ក្នុង​ខេត្តព្រះវិហារ​  ៖ ស្ថានភាព​នៅ​ច្រកព្រំដែន​អានសេះ ក្នុង​ខេត្តព្រះវិហារ ជាប់​ព្រំដែន​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ វិច្ឆិកា​នេះ មាន​សភាព​ស្ងប់ស្ងាត់​ដូច​ធម្មតា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ចេញចូល​ដូច​សព្វមួយដង គ្មាន​ការ​ប្រមូលផ្ដុំ​ណាមួយ​ឡើយ ។​

-​ច្រកព្រំដែន​ថ្មដា ខេត្តពោធិ៍សាត់​  ៖ ស្ថានភាព​ច្រក​ទ្វារ​ព្រំដែន​ថ្មដា ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ជាប់​ព្រំដែន​ប្រទេស​ថៃ ក៏​គ្មាន​អ្វី​ប្រែប្រួល​ដែរ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញចូល​ធម្មតា ។ បើ​ទោះបី​ស្ថានភាព​ព្រំដែន​ស្ងប់ស្ងាត់​ក៏​ពិតមែន ប៉ុន្ដែ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ឃើញ​នៅ​តែ​ប្រចាំការ​យាមកាម​ដដែល ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ ស​ម្ដៅ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បាតុភាព​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង ។​

​គេ​សង្កេត​ឃើញ​កម្លាំង​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ នៅ​ប្រចាំការ​នៅ​តំបន់​ផ្សេង​ៗ​ទៀត ក៏​ដូច​ជា​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ក៏​ព្រោះតែ​លោក សម រ​ង្ស៉ី បាន​ប្រកាស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដោយ​ចេញពី​ទឹកដី​ថៃ​ចូល​កម្ពុជា តាម​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ និង​រថយន្ត​ទេសចរណ៍​ចេញចូល​ជា​ធម្មតា ៕