ខេត្តសៀមរាប៖ កូនក្រពើដែលអ្នកស្រីហ៊ុន ស៊ីណាត លែងក្នុងទឹកកសិណអង្គរវត្ត កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានចាប់បានវិញហើយ និងត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។


ការរកឃើញនេះគឺក្នុងអំឡុងពេលបុរសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប កំពុងដើរហាត់ប្រាណនៅតំបន់សិណអង្គរវត្តនោះ ចៃដន្យក៍បានប្រទះឃើញកូនក្រពើអណ្ដែតក្នុងទឹក។ ភ្លាមៗ បុរសដែលមិនទាន់ស្គាល់អត្ដសញ្ញាណនោះ បានចុះចាប់ដែលមានប្រជាពលរដ្ឋនិងនគរបាលបេតិកភណ្ឌមានវត្តមានទីនោះដែរ និងបានអញ្ជើញមន្ត្រីជំនាញផ្នែកជលផលខេត្តមកទទួលសត្វក្រពើនោះ។


ក្រោយពីអ្នកស្រី ហ៊ុន ស៊ីណាត បង្ហោះសារតាមហ្វេសប៊ុក បង្ហាញពីសកម្មភាពលែងកូនក្រពើចូលទឹកកសិណទឹក ខាងមុខប្រាសាទអង្គរវត្ត មកធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ពិសេសក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋសម្ដែងការមិនសប្បាយចិត្តទេ ចំពោះករណីលែងកូនក្រពើ ចូលក្នុងកសិណអង្គរវត្ត ដែលជាតំបន់រមណីដ្ឋានទេសចរប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោកនោះ។
ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី ថ្លែងថា៖ «មិនអាចទទួលយកបានទេ ក្រពើវាគ្រោះថ្នាក់ ពេលអនាគតទៅ។ ក្រពើវាធំទៅអ្នកណាច្រឡំចុះលាងដៃ ជើង ក្រពើអាចខាំគ្រោះថ្នាក់។ មិនគួរណា យកក្រពើនៅតំបន់កសិណអង្គរទេ។ បើអ្នកទេសចរមកចុះលាងដៃជើង ក្រពើអាចខាំ គ្រោះថ្នាក់»។


តែទោះយ៉ាងណា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានថ្លែងថា អាជ្ញាធរខេត្តជំរុញអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយ អាជ្ញាធរអប្សរា រកមធ្យោបាយស្វែងរក ចាប់កូនក្រពើនោះមកវិញ។ លោកថា កូនក្រពើនោះ ប្រវែងបណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ និងមិនទាន់ចល័តចេញពីកសិណអង្គរនៅឡើយទេ ហើយវាអាចនឹងរកចំណីនៅពេលយប់តាមមាត់ច្រាំងកសិណអង្គរ។ លោកបញ្ជាក់ថា មន្ត្រីជំនាញនឹងរកមធ្យោបាយចាប់វាមកវិញ ដោយការដាក់សន្ទូច អូសមង និងឆ្លុះនៅពេលយប់ជាដើម។
តែពេលនេះ លែងបារម្ភទៀតទៅ ព្រោះកូនក្រពើដែលអ្នកស្រីហ៊ុន ស៊ីណាត លែងក្នុងទឹកកសិណអង្គរវត្ត កាលពីបីថ្ងៃមុននោះ ចាប់បានវិញហើយ ៕