រាជធានីភ្នំពេញ៖ ឆ្នាំ១៩៤៩ សម្ដេចព្រះបាទនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ លុបចោលនូវ សន្ធិសញ្ញា អាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។


នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៥២ សម្ដេចព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៏ ជូនជាតិមាតុភូមិ ឲ្យបានដាច់ខាត ក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជាច្រើន ជួយគាំទ្រផង ព្រះអង្គបានយាងទៅកាន់ប្រទេសបារាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ចំនួន៣លើក ៖ លើកទី១ ថ្ងៃទី៥ មីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល ។ លើកទី២ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល និងលើកទី៣ ថ្ងៃទី៣ មេសា ឆ្នាំ១៩៥៣ ពី ទីក្រុងផុងតែណឺប្លូ ។ ដោយសាររដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេស កាណាដា និងសហរដ្ឋអាមេរិក។


នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្ដេចព្រះនរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងកម្ពុជា និងបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន ៖ ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំង នឹងពួកកុម្មុយនីស្ត និងចំណុចទី២ គឺបញ្ហាឯករាជ្យបរិបូរណ៍សម្រាប់កម្ពុជា។


នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះ New York Times ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ មេសា ឆ្នាំ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ៖ “… បើបារាំង មិនយល់ព្រម ប្រគល់ឯករាជ្យឲ្យកម្ពុជាទេ នោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរ នឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស្ត”។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ កម្ពុជាបានទទួលឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជាព្រះបិតាឯករាជ្យជាតិ៕