រាជធានីភ្នំពេញ ៖ គូដណ្តឹងវ័យក្មេង១គូ ខណៈដែលបើកម៉ូតូឌុបគ្នាទៅលេងស្រុកកំណើត មិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្តបែនដឹកថ្ម១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់ចោលនារីជាគូដណ្តឹងយ៉ាងអាណោចអាធ័ម ។


ករណីគ្រោះថ្នាក់ដ៏ក្តុក្តួលនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានចាក់ដីធ្វើផ្សារបន្លែបឹងតាមោក បណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ចោលនារីជាគូដណ្តឹងនេះ មានឈ្មោះ ស្រ៊ូ ស៊ីណាត អាយុ២៨ឆ្នាំ មានលំនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះ មានគូដណ្តឹងជាកម្មការិនីកាត់ដេរនៅរោងចក្រនៅតាមផ្លូវវេងស្រេង ដែលត្រៀមចូលរោងការនៅខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១R-០៣២៩ មួយគ្រឿង ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ដោយមានឌុបនារីជាគូដណ្តឹង និងប្អូនគូដណ្តឹងម្នាក់ផងដែរ លុះពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តបែនដឹកថ្ម ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6289 បើកដោយឈ្មោះសុខ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយពេលពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯនារីជាគូដណ្តឹង និងប្អូនមិនរងរបួសទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក សពជនរងគ្រោះ សមសត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្រុកកំណើរទាំងក្តុកក្តួលជាពន់ពេក៕