រាជធានីភ្នំពេញ ៖ យុវជននិស្សិតម្នាក់ ខណៈជិះម៉ូតូទៅស្រុកក្នុងឱកាសបុណ្យអុំទូក ដល់ពាក្យកណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តបុកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានដីតាកៅ លើមហាវិថីឈ្នះឈ្នះក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះស្រ៊ូ ស៊ីណេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-0329។ ចំណែក រថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6289 បើកដោយឈ្មោះសុខ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូងសង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តខាងលើបានធ្វើដំណើរលើមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបានបត់ឆ្លងមហាវិថីឈ្នះឈ្នះ ។ លុះមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានបុកជនរងគ្រោះ កំពុងជិះម៉ូតូបណ្តាឲ្យស្លាប់តែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក សពជនរងគ្រោះ សមសត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕