ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលលោកជំទាវ ហ៊ុន ស៊ីណាត បានលែងកូនក្រពើចូលក្នុងកស្សិណអង្គរ និងរកមធ្យោបាយ ដើម្បីតាមចាប់កូនក្រពើមកវិញ។


ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់២៤ម៉ោង លើ ២៤ម៉ោង។ ពិសេសពេលកូនក្រពើតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិ្សណប្រាសាទអង្គរវត្ត។


តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិ្សណនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។
អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។


សូមបញ្ជាក់ថា កាលពី៣ថ្ងៃមុន លោកជំទាវ ហ៊ុន ស៊ីណាត បានយកកូនក្រពើ១ក្បាលទៅព្រលែងចូលក្នុងទឹកនៅកស្សិណអង្គរ បំណងឲ្យសត្វក្រពើនោះ កាន់ធម៌អាថ៌ តែត្រូវអ្នកលេងហ្វេសប៊ុកនាំគ្នារិះគន់ជាខ្លាំង សូម្បីតែពលរដ្ឋនៅទីនោះ មានការបារម្ភខ្លាំងខ្លាចមានគ្រោះថ្នាក់ នូវពេលកូនក្រពើនោះធំ៕

 

សូមប្រិយមិត្តទស្សនាវីដេអូ នូវសកម្មភាពលោកជំទាវ ហ៊ុន ស៊ីណាត់ លេងកូនក្រពើចូលក្នុងទឹកកស្សិណអង្គរ ដូចខាងក្រោម៖