រាជធានីភ្នំពេញ៖ ក្រោយចាប់ខ្លួនមនុស្ស១០នាក់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីរកភ័ស្ដុតាងបន្ថែមទៀត ។


លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឆែកឆេររកភ័ស្ដុតាងបន្ថែមទៀត។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន សង្ស័យពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ និងឈានដល់ការបិទទីស្នាក់ការជាបណ្ដោះអាសន្ន។
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ១០នាក់ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាមួយលោកសម រង្ស៊ី។


សូមរំលឹកថា មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕