សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៩ នេះ​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ និង​ស្វែងរក​មធ្យោបាយ ដើម្បី​នេសាទ​កូន​ក្រពើ ដែល​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត បាន​ព្រ​លែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ប៉ែក​ខាង​កើត កាលពី​៣​ថ្ងៃមុន​នេះ ។​

​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ដល់ទី​តាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួច​មក លោកនាយក​រដ្ឋបាល​សាលាខេត្ត បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​ក្រុមការងារ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​កិច្ចការ​តាម​នេសាទ​កូន​ក្រ​ពើ​នេះ ដែល​មាន​បណ្ដោយ​ប្រហែល​៤០​សង់ទីម៉ែត្រ ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់​២៤​ម៉ោង លើ២៤​ម៉ោង ពិសេស​ពេល​កូន​ក្រ​ពើ​តូច​នេះ ចេញ​រក​ចំណី​នៅ​ពេល​យប់ តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ។​

​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ នៅ​តូច​មិន​ទាន់​ចល័ត​ចេញពី​ក​សិន្ធុ អង្គរ​នេះ​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ នឹង​ប្រើប្រាស់​មធ្យោបាយ​នេសាទ ចាប់​យក​មក​វិញ ដោយ​ការ​ដាក់​សន្ទូច ឬ​ការ​អូស​មង ឬការ​ឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅ​ពេល​យប់ ។​

​វគ្គ​នេសាទ​កូន​ក្រពើ ដោយ​អាជ្ញាធរ​ចម្រុះ​កំពុង​ដុតដៃដុតជើង​តាម​ចាប់​កូន​ក្រពើ ២៤​ម៉ោង​លើ​២៤​ម៉ោង​នេះ​បន្ទាប់​ពី​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក នូវ​សកម្មភាព​របស់​លោក​ជំទាវ យក​កូន​ក្រពើ​១​ក្បាល ទៅ​ព្រ​លែង​ចូល​ក្នុង​ទឹក​នៅ​ទក្សិណ​អង្គរ បំណង​ឲ្យ​សត្វ​ក្រពើ​នោះ កាន់​ធម៌អាថ៌ ប៉ុន្តែ​ប្រជាពលរដ្ឋ​មានការ​បារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់ នៅ​ពេល​សត្វ​ក្រពើ​នោះ​ពេល​វា​ធំ​ឡើង ។​

​បន្ទាប់​ពី​បង្ហោះ​វី​ដេ​អូ​នោះ ធ្វើ​អោយ​មហាជន​រិះគន់​យ៉ាងច្រើន និង​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ភ្លាម​ៗ​លោក​ជំទាវ ក៏​បាន​លុប​វី​ដេ​អូ​នោះ​វិញ​ផង​ដែរ ថ្វីបើ​លុប​ផុស​នឹង​ក៏​ដោយ ក៏​កូន​ក្រពើ កំពុង​នៅ​ក្នុង​ទក្សិណ​នៅឡើយ ។​

​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​សរសេរ​សារ​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា​នេះ​ថា «​ថ្ងៃនេះ មាន​អ្នក​ជេរ​ខ្ញុំ​ច្រើន ដោយសា​ព្រ​លែង​ក្រពើ អ្នក​ដែល​ជេរ​ខ្ញុំ​សូម​អនុមោទនា​ទទួលយក​ទាំងអស់ តែ​ក្មេង​ស្ទូច​បាន​ទីនោះ ខ្ញុំ​ទិញ​វា​ព្រ​លែង​វិញ​ទៅ ។ ម្យ៉ាងទៀត ខ្លួន​ខ្ញុំ មិន​បានឃើញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​លែង កូន​ត្រី កូន​ក្រពើ​នោះ​ទេ ។

សូមរម្លឹកថា លោកជំទាវហ៊ុន ស៊ីណាត ព្រលែងកូនក្រពើ១ក្បាល ក្នុងទឹកទក្សិណអង្គរ ពលរដ្ឋមានការព្រួយបារម្ភខ្លាចគ្រោះថ្នាក់ ពេលក្រពើធំ (មានវីដេអូ)