ភ្នំពេញ៖ លោកយឹមសារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យ២នាក់ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពេលចូលប្លន់ហាងជនជាតិចិនមួយកន្លែង មានម្នាក់មិនជាប់ពាក់ព័ន្ធ ត្រូវបានដោះលែងទៅវិញ ដោយឡែកម្នាក់ទៀតត្រូវបានកសាងសំណុំរឿ ដើម្បីចាត់ការតាមច្បាប់ហើយ។


កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យជាជនជាតិចិនមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីបានចូលប្លន់ហាងជនជាតិចិនមួយកន្លែងដែលមានយីហោគុជ ហីហី ផ្ទះលេខ២២ នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តែត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗចំនួន២នាក់ ដកហូតកាំភ្លើងមួយដើម។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះសែវ ទុង ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅមិនចាំកន្លែង។


ចំណែកបក្សពួកដែលគេចខ្លួនចំនួន៣នាក់ ៖ ទី១ឈ្មោះសែវ ហ៊ួ ភេទប្រុស ជាជនជាតិចិន ។ ទី២ឈ្មោះសែវ ហ៊ឺ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ និងទី៣ឈ្មោះសែវ ចេវ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជាជនជាតិចិន។
ជនរងគ្រោះឈ្មោះXue Dan Feng ភេទស្រី អាយុ៣១ឆ្នាំ មុខរបរធ្វើការរោងចក្រ XIN YUAN មានប្តីឈ្មោះXU Jang Wei អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងគុជ និងវេលុយទៅប្រទេសក្រៅ។ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុ។


លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធអង្គុយក្នុងហាងរបស់ខ្លួន ស្រាប់តែមានជនសង្ស័យមានគ្នា០៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី០២ដើមបានបិតមុខចូលមកក្នុងហាង ភ្ជង់ប្លន់យកលុយពីជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកក្រៅផ្ទះរួចទាញទ្វាបិតចាក់សោរខាងក្រៅ ហើយជនសង្ស័យបានបាញ់ចំនួន០២គ្រាប់ដើម្បីផ្តាច់សោរ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានចំនួន០២នាក់ និងដកហូតកាំភ្លើងខ្លីមួយដេីមម៉ាកK59 នាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១។ ចំណែកបក្សពួកផ្សេងទៀតបានគេចខ្លួនបាត់អស់។


តែក្រោយពីសាកសួរ ក្នុងចំណោមជនសង្ស័យ២នាក់នោះ មានម្នាក់មិនជាប់ពាក់ព័ន្ធករណីខាងលើ ត្រូវបានសមត្ថកិច្ចដោះលែងទៅវិញ ដោយឡែកម្នាក់ទៀត ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕