ខេត្តកណ្ដាល ៖ យុវជន១ក្រុមអត់ការងារធ្វើបាននាំគ្នាទិញថ្នាំញៀនមកជក់ តែដឹងអី! ទើបតែបានបង្ហុយពីរបីប៉ុយ ស្រាប់តែមានកម្លាំងសមត្ថកិច្ចមកដល់ល្មម ធ្វើការចាប់ខ្លួនបញ្ជូនទៅដេកក្នុងពន្ធនាគារជាលើកទី៣ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង២២ និង៣៥នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
ជនសង្ស័យទី១-ឈ្មោះអាន ពេជ្ររ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះហ៊ីម ហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករតុការ ទីលំនៅបច្ចុប្បន្នភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច , ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១១០ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BM-4710 និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យបានទៅទិញថ្នាំញៀនពីក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល យកមកជក់មានគ្នា៣នាក់ លុះទើបតែតែ២ដង្ហើមត្រូវកម្លាំងសមត្ថកិច្ចមកទាន់ធ្វើការឃាត់ខ្លួនបាន២នាក៊ និងម្នាក់រត់គេចខ្លួនបាន។
ប្រភពខាងលើ បញ្ជាក់ថា ជនសង្ស័យឈ្មោះអាន ពេជ្ររ៉ា ភេទ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ២លើក ពីបទរក្សាទុក និងប្រើប្រាស់សារធាតុញៀន តែពេលចេញមានសេរីភាពមកវិញ មិនព្រមកែខ្លួនសោះ ដោយដើរតាមគន្លងចាស់ដដែល ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបញ្ជូនទៅពន្ធនាគារជាលើកទី៣។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕