រាជធានីភ្នំពេញ៖ បុរសម្នាក់ ខណៈដែលកំពុងបើករ៉ឺម៉ករើសអេតចាយយកប្រាក់ចិញ្ចឹមប្រពន្ធកូន ស្រាប់តែមានរថយន្ត១គ្រឿង មកបុកយ៉ាងពេញទំហឹង រួចកិនថែម បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនមួយរំពេច។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមមណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះ វ៉ុន ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិចម្រើនផល ឃុំពោធិរាម ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ បើកម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កដឹកអេតចាយ។ ចំណែករថយន្តបង្ក ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9402 បើកបរឈ្មោះ វឿល ពៀក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិទៀលព្រៃ ឃុំឈើកុំស្រុកគគរ ខេត្តពោធិ៍សាត់។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ រួចយកយានយន្តពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕