នៅព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយនេះដែរ សម្ដេច​ហ៊ុន សែន​ បានស្នើ​សុំ​ដល់​ប្រជាពល​រដ្ឋឲ្យ​មាន​ការ​យោគ​យល់​ដោយ​ថា ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​ក្រោយ ​កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ដូច​ខែ​ប្រាំង​ឆ្នាំ​នេះទៀត។

សម្ដេចបានបន្តទៀតថា សុំ​ទោស​ពល​រដ្ឋ​ជា​មុន​លើ​ការ​ផ្គត់​ផ្គង់អគ្គសនី ដោយ​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ ស្ថានភាព​ទឹក​មិន​អាច​ផ្ដល់​គ្រប់គ្រាន់​ក្នុង​ការ​បង្វិល​តួប៊ីន​វារី​អគ្គិសនី​បាន​គ្រប់គ្រាន់​នោះ​ទេ។ ​ ​បញ្ហា​នេះ​អាច​អូស​បន្លាយដល់​ខែ​ឧសភា ​ឆ្នាំ​២០២០​ខាង​មុខ​ គឺពេលនោះ​​កម្ពុជា​ដំឡើង​ម៉ាស៊ីន​ភ្លើង​ចំនួន​២​​ដែល​មាន​កម្លាំង​៤០០មេហ្គាវ៉ាត់​នៅ​ក្បែ​ភ្នំពេញ​រួច។ មិនត្រឹមតែប៉ុនណ្ណឹងសម្ដេចក៏បានបញ្ជាក់ទៀតថា៖

« សូម​អំពាវ​នាវ​ចំពោះ​ម្ចាស់​សណ្ឋាគារ​ទាំង​ឡាយ​ដែល​មាន​ម៉ាស៊ីន​ភ្លើង​ខ្លួន​ឯង​ នៅ​ពេល​ដែល​​មាន​ការ​ចាំ​បាច់​ហើយ​ត្រូវ​ការ​កាត់​ភ្លើង​ហ្នឹង​ក៏​ត្រូវ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ហ្នឹង​បណ្ដោះ​អាសន្ន​សិន​ ទំរាំ​រដ្ឋ​រឹង​ដៃ​រឹង​ជើង​ដំឡើងអា​នេះ (ម៉ាស៊ីនភ្លើង២ នៅ​ជាយ​ក្បែរក្រុង)​ បាន​​គឺ​យើង​ផ្គត់​ផ្គង់​បាន​ហើយ ចាប់​ពី​ខែ​ឧសភា​ទៅ » ។

បើ​តាម​សម្ដីសម្ដេច​នាយករដ្ឋមន្រ្ដី ហ៊ុន សែន ​បើ​ទោះ​បី​កម្ពុជាមាន​លទ្ធភាព​ផ្គត់ផ្គង់​ភ្លើង​បាន​ ១៣២៨​មេហ្គាវ៉ាត តែ​បច្ចុប្បន្ន ​ខ្លួន​​អាចផលិតភ្លើង​បាន​​ចន្លោះ​ពី​ ១៨០មេហ្គាវ៉ាត់ ដល់ ​៦៨៧​មេហ្គាវ៉ាត់​ប៉ុណ្ណោះ ដោយ​សារ​ការ​ខ្សត់ខ្សោយ​ទឹក។

ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ពលរដ្ឋ​កម្ពុជា​ជាច្រើន​គ្រួសារ​រង​ការ​ប៉ះពាល់​ពីការ​ដាច់​ចរន្ត​អគ្គិសនី​ ដោយ​រដ្ឋាភិបាល​ថា​បណ្ដាល​មក​ពី​កង្វះ​ថាម​ពល​ ដោយ​សារ​ខ្វះ​ទឹក​សម្រាប់​បង្វិល​តួប៊ីន​ទំនប់វារី​អគ្គិសនី ទោះ​ជាយ៉ាង​ណា ​ខ្លួន​នឹង​ខិត​ខំ​ធ្វើ​ការ​ដោះស្រាយ​មិន​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ឡើយ​នៅ​ខែ​ប្រាំង​ឆ្នាំ​២០២០ ៕