កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចុះ​បង្ក្រាប​ទីតាំង​បង្កើត​ល្បែងភ្នាល់ casino online÷

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី ល្បែង​កាស​ស៊ី​ណូ​អន​ឡាញ​ខុសច្បាប់ (casino online) មួយ​កន្លែង ត្រង់​ចំណុច​ផ្ទះ​លេខ ១០ ផ្លូវ​លេខ​៤ ស្ថិត​ភូមិ​បឹង​ឈូក សង្កាត​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៩ ដោយ​ទីតាំង​នេះ​មាន​ម្ចាស់​ឈ្មោះ គី​ម អាន​ស្រី​នាថ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​របរ បកប្រែ​ភាសា​ចិន ។

ករណី​បង្ក្រាប​ល្បែង​អន​ឡាញ​ខុសច្បាប់​នេះ មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​រកមុខ​សញ្ញា ក្រុម​បើក​ល្បែង​កាស៊ីណូ តាម​បណ្ដាញទូរស័ព្ទ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​រួច​មក កម្លាំង​ជំនាញ របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កំណត់​មុខសញ្ញា និង​ទីតាំង​ជនសង្ស័យ និង​ដោយ​មានការ​ចូលរួម​ដឹកនាំ​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​ចំនួន​០៤​នាក់ ដែល​ជា​អ្នកគ្រប់គ្រង និង​អនុវត្ត​ប្រតិបត្តិការ Casino Online ព្រមទាំង​រឹបអូស​បាន​សម្ភារៈ​សម្រាប់​ផ្សព្វផ្សាយ ដែល​មាន​កុំព្យូទ័រ និង​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ត្រូវ​បាន​រៀបចំ​កសាង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត តែងតែ​ទទួល​បាន​នូវ​សារ​អូស​ទាញ​តាម​ហ្វេ​ស​ប៊ុ​ក ឲ្យ​លេងល្បែង​ភ្នាល់​អន​ឡាញ​ជា​ច្រើន​ប្រភេទ ដែល​ជា​អំពើ​ផ្ទុយ​នឹង​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ប្រសិនបើ​បងប្អូន​ទទួល​បាន​នូវ​សារ​តាម​ទូរស័ព្ទ ឬ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចូលរួម​លេងល្បែង​ភ្នាល់​ផ្សេង​ៗ​នោះ​ត្រូវ​រាយការណ៍​មក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ (​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​) ដើម្បី​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ទាន់​ពេលវេលា ៕