អ័រគី​ដេ គឺជា​ផ្កា​ព្រៃ​មួយ​បែប ដែល​មាន​សម្រស់​ស្រស់ស្អាត តាម​ពូជ​អំបូរ​របស់​វា ។ ចំណែកឯ​ការដាំដុះ​ក៏​មាន​ការណែនាំ​ផ្សេងៗ​គ្នា​ផង​ដែរ ខាងក្រោម​នេះ​យើងខ្ញុំ​សូម​បង្ហាញ​លោកអ្នក​អំពី​ការដាំដុះ អ័រគី​ដេ សម្រាប់​តាំង​លម្អ​នៅផ្ទះ​ជាមួយនឹង​ស្រកីដូង​…​

​មុន​ពេល​ដាំ​ដុះ ៖
– ពុះ​ដូងទុំ​ជា​ពីរ​កំណាត់​ដាច់ពីគ្នា ហើយ​ដំ​សំបក​ឱ្យ​ទ​ក់​
– យក​ចំរៀក​ដូង​ទាំងនោះ​ទៅ​ត្រាំ​ទឹក​មួយ​ថ្ងៃ​មួយ​យប់ ហើយ​ស្រង់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​នៅក្នុង​ស្រកី​
– យក​ស្រកីដូង​ហាល ជ្រលក់​ទឹក​សារជាថ្មី រួច​ពូត​ឱ្យ​ស្រស់​ទឹក​។

​ការរៀបចំ​ដាំ​ដុះ ៖
– យក​កូន​ផ្កា​កេ​សរកូល​មួយដើម ទៅ​ចង​ផ្អោប​គ្នា​ជាមួយ​ស្រកីដូង​ស្ងួត ហើយ​យក​ស្រកីដូង​មួយ​កំណាត់​ទៀត មក​ចង​ផ្អោប​ឱ្យ​ជិត​ឫស​
– ស្រោច​ទឹក​លើ​ផ្លែ​ដូង ឱ្យ​សើម​បន្តិចៗ​
– យក​ដូង​ទៅ​ចង​នៅ​ជុំវិញ​ដង​ដើមឈើ ឬ​ចង​ព្យួរ​នៅ​រា​លហាល តាម​តម្រូវការ​របស់​យើង ។ បើ​ចង​ព្យួរ​ត្រូវយក​ដូង​ផ្អោប​គ្នា​មុននឹង​ព្យួរ ។ បើ​ចង​ជុំវិញ​ដើមឈើ ឬ​ដើម​ដូង សូម​ប្រើតែ​ដូង​មួយ​ចំហៀង​បាន​ហើយ ។​

​ការថែទាំ ៖
– ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​ស្រកី​ក្នុង​រយៈពេល​បី​ថ្ងៃ​ម្តង រហូត​ដល់​ដើម​កេ​សរកូល​ដុះចេញ​ឫស​
– នៅពេល​ដុះ​ឫស​ហើយ យើង​អាច​ស្រោច​ទឹក​ឱ្យ​សើម​ក្នុង​រយៈពេល​មួយ​អាទិត្យ​ម្តង​
– គួរ​ដាំ​ដើម​ផ្កា​នៅក្នុង​ម្លប់ មាន​ពន្លឺ​ថ្ងៃ​ខ្លះៗ នោះ​វា​នឹង​ឱ្យ​ផល​ជា​ផ្កា​ល្អ​ប្រណីត
– កុំ​ស្រោច​ទឹក​ច្រើន​ហួស​កម្រិត បើកាលណា​ជោគជាំ​ពេក នោះ​ដើម​នឹង​លែង​ផ្កា ហើយ​ល្អ​តែ​ស្លឹក​ប៉ុណ្ណោះ​
– នៅពេល​ទង​ផ្កា​ងាប់ ត្រូវ​កាត់​ទង​ចេញ ដើម្បី​ទុក​ឱ្យ​ទង​ថ្មី​ដុះ​ចេញ​
– ក្នុង​រយៈពេល​បី​ឆ្នាំ ត្រូវ​កាយ​ចេញ កាត់​មែក​ញែក​គល់ ដាំ​សារជាថ្មី​​ ៕