រដូវប្រាំង គឺជា​រដូវ​រាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​ដំណាំ​ទៀតសោត ក៏​ពិបាក​ក្នុង​ការលូតលាស់ ឬ​ដុះ​លូតលាស់​មិនសូវ​ល្អ ដូច្នេះហើយ ដើម្បី​ដាំ​ដំណាំ​បានល្អ យើង​ត្រូវ​ការពារ​សំណើម​ដី​ជានិច្ច ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ក្នុង​ការរៀបចំ ដាំ​ដុះ​ដំណាំ​ក្នុង​រដូវប្រាំង​…

*ការជ្រើសរើស​ទីកន្លែង ៖
​រៀបចំ​តំបន់​ដាំ​ដុះ​ឱ្យនៅ​ជិត​ប្រភពទឹក ឬ​ដាំ​នៅ​តំបន់​ដី​ទាប (​ដី​លិច​ទឹក​ពី​មុន​) ព្រោះ​កន្លែង​ដី​ទាប​វា​មាន​សំណើម​ច្រើន ។​

*ការជ្រើសរើស​មុខ​ដំណាំ ៖
​ត្រូវ​ជ្រើសរើស​ដំណាំ​ដែល​អាច​ដុះ​លូតលាស់​ល្អ នៅក្នុង​លក្ខខណ្ឌ​នៃ​រដូវ​រាំងស្ងួត ដូចជា សណ្តែកបាយ ដំឡូង​មី ត្រប់​មូល ។​ល​។ ជួនកាល​ដំណាំ​ទាំងនេះ វា​មិនមែន​ជា​អាហារ​ដែល​យើង​និយម​ចូលចិត្ត​ក៏ដោយ ប៉ុន្តែ​វា​អាច​ឱ្យ​ផល និង​ជួយ​សម្រាល ជីវភាព​បាន​មួយ​ផ្នែក​ដែរ ។​
១. ជ្រើសរើស​យក​បន្លែ​ដែល​ដុះ​លូតលាស់​រយៈពេល​ខ្លី ឬ​ពូជ​ស្រាល​
២. ត្រូវ​រក្សា​ការពារ​ដី​ឱ្យ​ត្រជាក់ និង​ការពារ​ការបាត់បង់​សំណើម​ដី​ដោយ​ការ​រំហួត​តាម​វិធី​ដូចជា ៖
– ត្រូវ​គ្រប​ដី​ដោយ​ចំបើង ស្លឹកឈើ​នៅ​ជុំវិញ​រុក្ខជាតិ ជាពិសេស​ស្លឹក​ទន្ទ្រានខែត្រ កំប្លោក លើ​ដំណាំ​ដែល​ដាំ​
– គួរ​ដាំ​បន្លែ​ឱ្យ​កៀក​គ្នា ដើម្បី​ការពារ​រំ​ហួត​
– ការពារ​កូន​ដំណាំ​តូចៗ ឱ្យមាន​ម្លប់​ដោយ​ដំណាំ​ច្រើន​ជាន់​
– ត្រូវ​ដកស្មៅ​ចេញពី​រង​ដំណាំ ព្រោះ​ស្មៅ​វា​ប្រជែង​ស្រូប​សំណើម​ពី​ដី​ជាមួយ នឹង​ដំណាំ​យើង​ដែរ
– ប្រើ​ជីធម្មជាតិ​ពិសេស​ជីកំប៉ុស្ត ឱ្យបាន​ច្រើន ព្រោះ​វា​អាច​រក្សា​ដី​ឱ្យ​មាន​សំណើម​បានយូរ
៣. នៅពេល​រដូវ​រាំងស្ងួត ដំណាំ​បន្លែ ឬ​ឈើ​ហូប​ផ្លែ​តែងតែ​ជួបប្រទះ​នៅ​ការ​ហួត​ហែង ដូច្នេះ យើង​គប្បី​ប្រើ​សំរាម សំរាប់​គ្រប់​គល់ ដើម្បី​ការពារ​រំ​ហួត និង​រក្សា​សំណើម​បានយូរ ម្យ៉ាងទៀត នៅពេល​សំរាម​រលួយ វា​ក្លាយជា​ជី ។​

*ផលប្រយោជន៍​គ្រប​គល់ ៖
– កាត់បន្ថយ​ការ​ហួត​សំណើម​ឆាប់​ពេក​
– ជួយ​រក្សា​សំណើម​បានយូរ ឱ្យ​ដី​ធូរ និង​រក្សា​គុណភាព​ដី​ល្អ​បានយូរ​
– ឫស​រុក្ខជាតិ​អាច​ស្រូបយក​ទឹក និង​ជីជាតិ​ក្នុង​ដី​បាន​ស្រួល និង​ជួយ​បង្កើត​ជីជាតិ​ដី​ពេល​សំរាម​រលួយ​
– ដំណាំ​លូតលាស់​បានល្អ និង​ការពារ​មិន​ឱ្យ​ស្មៅ​ដុះ​
– ជួយ​ទប់​កូន​រុក្ខជាតិ​
– ជួយ​បំបែក​ទឹក​ពេល​យើង​ស្រោច​
– ផលដំណាំ​មាន​គុណភាព​ខ្ពស់​រសជាតិ​ឆ្ងាញ់​ ៕