រាជធានីភ្នំពេញ ៖ ក្រោយពីកញ្ញា រ៉ូស ថតឆាកឈុតឲ្យតួប្រុសលូកស្ទាបស្រើបស្រាល MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” ហើយមានអ្នកយកវិដេអូនោះបង្ហោះលើហ្វេសប៊ុក ធ្វើឲ្យមហាជនមិនពេញចិត្តនាំគ្នារិះគន់ផ្អើលពេញផ្ទៃប្រទេសនោះ ។ ខណៈតួស្រីចេញមុខអះអាងថា នាងជនរងគ្រោះសុទ្ធសាធ ក្រោមស្នាដៃអ្នកដឹកនាំ ដែលយកវីដេអូនោះ ទៅបង្ហោះលើហ្វេសប៊ុក ដោយមិនបានសួរនាងជាសាមីខ្លួនជាមុន។

ជុំវិញរឿងដ៏ចម្រូងចម្រាសនេះ លោកអ៊ឹម ជីវ៉ា បានបង្ហោះសារថា «សូមជូនដំណឹងដល់បងប្អូនសិល្បករទាំងអស់អោយបាជ្រាបថាៈ នៅរសៀលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអញ្ជើញខ្ញុំបាទចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើកករណីការថតMV ដែលប៉ះពាល់ដល់កិត្តិយសអ្នកសិល្បៈ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ នៅថ្ងៃទី៦ ខែវិច្ឆិកា វេលា៣រសៀល បន្ទប់ប្រជុំអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌»។

លោកអ៊ឹម ជីវ៉ា បានបន្តទៀតថា « នៅម៉ោង៦រសៀលខ្ញុំបាទនិងចូលរួមស្តាប់ពីការធ្វើសន្និសីទកាសែតរវាងអ្នកនាង ធី សុវណ្ណថា លោកហេង ឡុង និងកញ្ញា អេង ស្រីយ៉ា នៅសមាគមសិល្បករខ្មែរ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ការចូលរួមល្ងាចនេះក្នុងនាមខ្ញុំបាទជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរដែលធ្លាប់ធ្វើការដើម្បីសមាគមយូរជាងគេ គឺមានចំនួន៤អាណត្តិមកហើយ រួមទាំងអណត្តិអ្នកនាងចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ ។
ដោយក្តីគោរព»៕