រាជធានីភ្នំពេញ៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ហាមដាច់ខាត កុំបរិភោគប្រភេទត្រីទឹកសាប៣ប្រភេទ ដែលមិនបានចម្អិន ឆ្អិនល្អ ឬឆៅ ព្រោះអាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើម ជាពិសេស មហារីកថង់ទឹកប្រមាត់។


ថ្លែងក្នុងកិច្ចប្រជុំបូកសរុបបញ្ចប់សិក្ខាសាលាស្តីពីគម្រោងសិក្សាស្រាវជ្រាវផលប៉ះពាល់លើសុខភាព ដោយជំងឺព្រូនថ្លើម នៅកម្ពុជា និងវៀតណាម កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ បានឲ្យដឹងថា ប្រភេទត្រីទឹកសាប៣ប្រភេទ រួមមាន៖ ត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុក មានបណ្តោយប្រហែល ១០ ទៅ១៥សង់ទីម៉ែត្រ មានផ្ទុកនូវព្រូនថ្លើម ជាប្រភេទព្រូនសំប៉ែត ដែលអាចឆ្លងមកមនុស្ស តាមរយៈការបរិភោគត្រីទឹកសាបនេះ នៅដែលមិនបានចម្អិនវា ឲ្យបានឆ្អិនល្អ ឬឆៅ។


លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា តាមការស្រាវជ្រាវជាង១០ឆ្នាំ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន នៃមជ្ឈមណ្ឌលជាតិ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យយ៉ាម៉ាណាស៊ី (University of Yamanashi) នៃប្រទេសជប៉ុន កន្លងមក បានរកឃើញថា អត្រាផ្ទុក នៃជំងឹព្រូនថ្លើម នៅកម្ពុជា មានប្រមាណជា១០.១% ទៅ ៥០% ពិសេស នៅខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ព្រះវិហារ និងស្ទឹងត្រែង។


តែយ៉ាងណា លោកវេជ្ជបណ្ឌិត បានបញ្ជាក់ដែរថា មកទល់នឹងពេលនេះ មិនមានរោគសញ្ញាជាក់លាក់ណាមួយដែលអាចឲ្យសង្ស័យថា នរណាម្នាក់កើតជំងឺព្រូនថ្លើមទេ គឺមានតែការពិនិត្យលាមក រកពងព្រូនថ្លើមនៅក្នុងលាមកប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យថា នរណាម្នាក់កើត ឬមានផ្ទុកព្រូនថ្លើមនៅក្នុងខ្លួន។


បច្ចុប្បន្ននេះ ថ្នាំដែលមានប្រសិទ្ធភាពព្យាបាលអ្នកមានផ្ទុកព្រូនថ្លើម គឺថ្នាំប្រាហ្សីកង់តែល (Praziquantel) តែការលេបថ្នាំនេះ មិនមែនមានន័យថានឹងជាដាច់ ឬឈប់ឆ្លងជំងឺព្រូនថ្លើមទេ បើសិនជាបុគ្គលនោះ នៅតែបន្តបរិភោគត្រីទឹកសាបប្រភេទតូចៗ មានផ្ទុកពងព្រូនថ្លើម៕