ប្រជាពលរដ្ឋ​ខ្មែរ ដែល​ប្រើប្រាស់​រថយន្ត​នៅ​លើ​ដងផ្លូវ បាន​ផ្ទុះ​ការ​រិះគន់​ជា​បន្តបន្ទាប់ ទៅ​លើ​សមត្ថកិច្ច​ត្រួតពិនិត្យ ពិសេស​ប៉ូលិស​ចរាចរ​ណ៌ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​តែ​ម្តង ព្រោះថា រថយន្ត​របស់​ពួក​គាត់ មាន​ឯកសារ​បិទ​នៅ​លើ​កញ្ចក់​រថយន្ត​ត្រឹមត្រូវ​ហើយ បែរជា​រង​នូវ​ការ​ផាកពិន័យ​ទៀត ក្នុង​ហេតុផល​ថា គ្មាន​ឯកសារ​ច្បាប់​ដើម​តាម​ខ្លួន​ទៅ​វិញ ធ្វើ​អោយ​មហាជន​ដែល​ជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kim Vang បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ បង្ហាញ​អារម្មណ៍​ហួសចិត្ត​នឹង​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្វើការ​ផាកពិន័យ ទោះបី​មាន​ចុះបញ្ជី​រថយន្ត​រថយន្ត​របស់​លោក មាន​ទាំង​កាត​គ្រី និង​ត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​ផាកពិន័យ​៦​ម៉ឺន​រៀល ដោយសារ​តែ​មិន​បាន​យក​វិញ្ញាបណ្ណបត្រ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ច្បាប់​ដើម​មក​តាម​ខ្លួន ទោះបី​មាន​បិទ​តែម​ឆៀករថយន្ត​បិទ​លើ​កញ្ចក់​ទៅ​តាម​ផ្លូវច្បាប់​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ហើយ​ក្តី ។ អ្វី​ដែល​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​នោះ គឺ​សមត្ថកិច្ច​បាន​ប្រាប់​វិញ​ថា «​តែម​ឆៀករថយន្ត​លើ​កញ្ចក់​នឹង​អត់​មាន​ប្រយោជន៍​ទេ បង​ចង់​បក​ចោល​! ក៏​បក​ទៅ ស្រេច​តែ​ចិត្ត​បង​ឯង​តើ​!» ។​

​លោក Kim Vang មានការ​ងឿងឆ្ងល់​ដែរ​ថា តើ​តែម​ឆៀក​ឡាន​ដែល​បិទ​នៅ​លើ​កញ្ចក់​នោះ វា​មាន​ន័យ​អ្វី​ទៅ ហើយ​ដាក់ QR Code ដើម្បី​អ្វី ? បើ​សមត្ថកិច្ច​នៅ​តែ​ចាប់​ផាកពិន័យ​ដដែល​នោះ ?​

​ដោយឡែក​កាលពី​ថ្ងៃ​ទី​២៨ តុលា កន្លង​ទៅ​នេះ ករណី​ដូច​គ្នា​នេះ​ដែរ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sreng Sovuthy បាន​បង្ហោះ​ថា ៖ «​រាល់​ឯកសារ​ដែល​បិទ​នៅ​លើ​កញ្ចក់​រថយន្ត មិនបាច់​បិទ​ទេ ព្រោះ​អី​លោក​ប៉ូ​លី​ស គាត់​អត់​មើល​ទេ គាត់​ចង់បាន​ឯកសារ​ច្បាប់​ដើម បើ​អត់​មាន​យក​ទៅ​តាម​ខ្លួន​ទេ ត្រូវ​គាត់​ផាកពិន័យ​ហើយ អ​ញ្ចឹ​ង​មិនបាច់​បិទ​ទេ​បក​ចោល​ទៅ យក​តែ​ឯកសារ​រថយន្ត​ដាក់​តាម​ខ្លួន​ទៅ​បាន​ហើយ (​ប៉ូ​លី​ស​ខេត្តបាត់ដំបង​) សួរ​រក​អាជីវកម្ម អត់​មាន​៥០,០០០​រៀល​» ។​

​សូម​ទស្សនា​វី​ដេ​អូ មនា​ដូច​ខាងក្រោម ៖