រាជធានីភ្នំពេញ៖ អាជ្ញាធរចុះធ្វើរដ្ឋបាល ឃាត់ខ្លួនមនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ការចុះធ្វើរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោក ពេជ្រ កែវមុន្នី ជាអភិបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលដោយ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មនុស្សទាំង១០នាក់ ដែលបានឃាត់ខ្លួននោះ រួមមាន៖
១៖ លោក ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
២៖ លោក ទឹម សុម៉េត
៣៖ លោក ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ
៤៖ លោក អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៊ី
៥៖ លោក ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។
៦៖ លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
៧៖ លោក ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។
៨៖ លោក ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៩៖ លោក ស៊ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ
១០៖ លោក សូ តារា មានលំនៅដ្ឋានជាអ្នកយាមផ្ទះសម រង្ស៊ី ។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ច នឹងយកពួកគេទៅសាកសួរនៅប៉ូលិសប៉ុស្តិ៍ចាក់អង្រែលើ មុននឹងសម្រេចបញ្ជូនទៅតុលាការដោយសង្ស័យថា ពាក់ព័ន្ធនឹងផែនការ ដើម្បីរង់ចាំទទួលក្រុមឧទ្ទាម។ និយាយក្រុមឧទ្ទាមមួយមាត់យើងដឹងហើយថា វាខុសច្បាប់ ហើយគ្មានទាមទារគណបក្សប្រជាធិបតេយ្យអ្វីទេ។ អ្នកឯងរៀបផែនការកៀរគរមនុស្សទៅ គឺខុសច្បាប់ទាំងអស់។ នៅក្នុងនោះ វាមានបញ្ជីឈ្មោះ វាមានរចនាសម្ព័ន្ធប្រមែប្រមូលកម្លាំងទៅកន្លែងណា ក្នុងដៃរបស់សមត្ថកិច្ចអស់ហើយ»។

ក្នុងចំណោមសន្តិសុខ ១០នាក់ ដែលយាមនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងនោះមានលោក ពួក ចន្ដា ប្រធានអង្គរក្សលោក សម រង្ស៊ី ដែលត្រូវជនមិនស្គាល់មុខវាយឱ្យរងរបួសកាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅម្នាក់ផងដែរ៕