បន្ទាយ​មាន​ជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មេបញ្ជាការ​យោធភូមិ​ភាគ​៥ កម្ពុជា​ជួប​សំណេះសំណាល និង​ចាប់ដៃ​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេបញ្ជាការ​យោធភូមិ​ភាគ​១​ថៃ លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ។

ភាគី​ទាំង​ពីរ ដែល​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ អម​ដោយ​ឧត្តមសេនីយ៍​ផ្កាយ​២ សេង ធា​រិ​ន មេបញ្ជាការ​រង​ភូមិភាគ​ទី​៥ ទទួល​សេនាធិការ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​។ រីឯ​ភាគី​ថៃ ដឹកនាំ​ដោយ​មេបញ្ជាការ​ភូមិភាគ​១ លោក​ឧត្តមសេនីយ៍ទោ ថាំ​ម៉ាក់​នូ​ន វិធី (LtGen.Thammanoon) ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​។

បន្ទាប់​ពី​ភាគី​ទាំង​២​ជួប​ចាប់ដៃ​គ្នា​រយៈពេល​ខ្លី​ក៏​បាន​បន្តដំណើរ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ជួប​សំណេះសំណាល​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភូមិភាគ​ទាំង​២ និង​ពិភាក្សា​អំពី​ការ​ពង្រឹង​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់ ជា​ពិសេស​លើ​វិធានការ​ទប់ស្កាត់ ការ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា របស់​លោក សម រ​ង្ស៉ី ព្រមទាំង​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៕