ខេត្ត​ព្រះ​សីហ​នុ​, ក្រុង​កោះ​រ៉ុ​ង ៖ ក្រោយ​ទទួល​ដំណឹងនា​ម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៩​នេះ ​ពី​ប្រជាពលរដ្ឋ​អ្នកនេសាទ​ថា ប្រទះ​ឃើញ​មាន​សាកសព​មនុស្ស​ម្នាក់ សម្លៀក​បំពាក់​ពណ៌​ខ្មៅ អណ្តែត​ទឹកសមុទ្រ​នៅ​ខាង​មុខ​កោះ​រ៉ុ​ង​ចំណុច ដ​២២-១០០ លោក​វរសេនីយ៍ឯក​ឌឹ​ម សំបូរ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទ​លើ្ម​ស​លើ​ផ្ទៃសមុទ្រ បាន​បញ្ជា​កម្លាំង និង​នាវា​ល្បឿន​លឿន ចុះ​ទៅ​ស្វែងរក​សាកសព ។

ក្នុង​នោះ កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ប្រទះ​ឃើញ និង​បាន​រៀបចំ​អូស​យក​សាកសព នាំ​មក​កាន់​ដីគោក ដើម្បី​ជូន​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ។

បើ​តាម​លោក​វរសេនីយ៍ឯក​ឌឹ​ម សំបូរ​ថ្លែង​ថា សាកសព​នេះ​មាន​ស្ថានភាព​រលួយ​ខ្លះ​ៗ​ទៅ​ហើយ មិន​ទាន់​អាច​សន្និដ្ឋាន បាន​ពី​អត្តសញ្ញាណ​នៃ​សព​ទេ ថា​តើ​ជា​មនុស្ស​ប្រុស ឬ​ស្រី ជា​ជនបរទេស​ឬ​ជា​ជនជាតិ​ខ្មែរ នៅឡើយ ៕